. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធ We should live without fear

ព៍ត៌មានទាន់ហេតុការណ៍ៈ American officers killed in Afghan Interior Ministr

Wednesday, November 7, 2012

លោក​បារ៉ាក់ អូបាម៉ា ជាប់​ឆ្នោត​សម្រាប់​អាណត្តិ​ទី២

សរសេរ​សម្រួល​ដោយ​ អ៊ូ ធក់
 
វ៉ាស៊ីនតោន៖ ប្រធានាធិបតី ​បារ៉ាក អូបាម៉ា​ បាន​យក​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​​សម្រាប់​អាណត្ដិ​ទី២ ជា​ប្រធានាធិបតី ក្រោយ​ពី​យុទ្ធនាការ​ដ៏​ស្វឹតស្វាញ​ទល់​នឹង​គូ​ប្រជែង​ពី​គណបក្ស​សាធារណរដ្ឋ ​​លោក​មីត្ត រ៉មនី។ លោក អូបាម៉ា​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ទទួលការ​គាំទ្រពី​រដ្ឋ​ដែល​មាន​ការ​ប្រកួត​ដ៏​ តាន​តឹង ដូចជា​រដ្ឋ​ខាឡូរ៉ាដូ (Colorado), មីឈីហ្គែន (Michigan)​ និង​រដ្ឋ​វើជីញា (Virginia)។ 
 
ខណៈ​ដែល​រដ្ឋ​នីមួយៗ​ប្រកាស​ការ​រាប់សន្លឹកឆ្នោត​សរុប លោក​ អូបាម៉ា ​បាន​ទទូល​សំឡេង​ប្រតិភូ​លើស​ពី​២៧០ដែល​ជា​សំឡេង​ត្រូវការ​ដើម្បី​ឈ្នះ​ តំណែង​ប្រធានាធិបតី ក្រោយ​ពី​លោក​បាន​ទទួល​ការ​គាំទ្រ​ពី​រដ្ឋ​ដែល​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ ស្វិត​ស្វាញ​ដូចជា​រដ្ឋ​អូហៃយ៉ូ (Ohio) និង​រដ្ឋដទៃ​មួយ​ចំនួន​ទៀត។​
 
នៅ​ក្នុង​សុន្ទរកថា​ជ័យជម្នះ​របស់​លោក​នៅ​ក្រុង​ឈីកាហ្គោ  លោក​បាន​សច្ចា​ថា​នឹង​ ចាត់​វិធានការ​ជាវិជ្ជមាន​ មិនមែន​គ្រាន់​តែ​និយាយ​បែប​នយោបាយ​ទេ។
 
«ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍ និង​ខែ​ខាង​មុខ​នេះ​ ខ្ញុំ​នឹង​ទាក់ទង​និង​សហការ​ជា​មួយ​មេដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ​ ដើម្បី​ដោះស្រាយ​បញ្ហា​ ដែល​ត្រូវ​ការ​គណបក្ស​ទាំង​ពីរ​ចូលរួម​ ដែល​បញ្ហា​ទាំង​​នោះ​រួមមាន​ ការ​បន្ថយ​អតិផរណា កំណែ​ទម្រង់​ប្រព័ន្ធ​ពន្ឋដារ  កែលម្អ​ប្រព័ន្ធ​អន្ដោប្រវេសន្ដ ការ​ឈប់​ពឹង​ពាក់​ប្រេង​បរទេស។ យើង​នៅ​មាន​កិច្ចការ​ជា​ច្រើនទៀត​ដែល​ត្រូវ​ធ្វើ»។
 
រហូត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ គម្លាត​នៃ​ចំនួន​ស្លឹក​ឆ្នោត​មិន​សូវ​ធំ​ប៉ុន្មាន​ទេ ដោយ​លោក​អូបាម៉ា​​ទទួល​បាន​ត្រឹម​តែ​ជាង​៥០​ភាគរយ​ ខណៈ​ដែល​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​តែ​បន្ត​នៅ​ឡើយ។​
ប៉ុន្តែ​សន្លឹក​ឆ្នោត​ប្រតិភូ មាន​ភាព​ជាក់​លាក់​ ទោះបី​ជា​លោក រ៉មនី ​ទទួលជ័យជម្នះ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ដ៏​ស្វិត​ស្វាញ​មួយ​ ចំនួន​ដូចជា​រដ្ឋ​ ណដ ខារ៉ូឡានា (North Carolina) និង​រដ្ឋ​ភាគ​ខាងត្បូង តំបន់​ខាង​លិច​កណ្តាល ​និង​​ខាង​លិច  រាប់​ទាំងរដ្ឋ អ៊ីនឌីយ៉ាណា (Indiana) ខានសាស (Kansas) មីស្ស៊ូរី (Missouri) តិចសាស (Texas) និង​រដ្ឋ​អារីហ្សូណា (Arizona)។ ប្រព័ន្ធ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​ផ្ដល់​ជ័យជម្នះ​យោង​ទៅ​តាម​លទ្ធផល​ក្នុង​ រដ្ឋ  មិនមែន​តាម​ចំនួន​សំឡេង​ឆ្នោត​ទូទៅ​ទេ។
 
លោក​ រ៉មនី​ បាន​ទទួល​យក​បរាជ័យ​ក្នុង​ការប្រកួត ពី​ទី​ក្រុង​បូស្ដុង​ ដោយ​លោក​បាន​ថ្លែង​ថា​ លោក ​បាន​ទូរសព្ទ​ទៅ​លោក​ប្រធានាធិបតី​ដើម្បី​សាទរ​លោក បុគ្គលិក​ និង​ ក្រុម​អ្នកគាំទ្រ​របស់​លោក​ប្រធានាធិបតី។
 
«ខ្ញុំ​បាន​ជូនពរ​ដល់​អ្នក​ទាំងអស់​គ្នា​ ជាពិសេស​ប្រធានាធិបតី  ស្រ្តី​ទី​១ និង​កូន​ស្រី​របស់​លោក។ នេះ​ជា​ពេលវេលា​ប្រកបដោយ​ការ​ប្រឈម​ដ៏​ធំធេង​របស់​សហរដ្ឋអាមេរិក។ ខ្ញុំ​បន់​ស្រន់​សុំ​ឲ្យ​ប្រធានាធិបតី​ទទួល​ជោគជ័យ​ក្នុង​ការដឹកនាំ​ប្រទេស​ ជាតិ​យើង»។
 
លោក​រ៉មនី​ក៏​បាន​ថ្លែង​ព្រមាន​ប្រឆាំង​ជម្លោះ​រវាង​គណបក្ស​នៅ​ពេល​ដែល​ ប្រទេស​កំពុង​មាន​វិបត្តិ ដែល​ពេល​នេះ​គឺ​ជា​ពេល​ដ៏​សំខាន់​សម្រាប់​ប្រទេស​ជាតិ។ 
 
ចំពោះ​យុទ្ធនាការ​របស់​លោក​ រ៉មនី​ បញ្ហា​គន្លឹះ​នៃ​ការបោះឆ្នោត​គឺ​សេដ្ឋកិច្ច​ទន់ខ្សោយ​ និង​ អត្រា​អ្នក​អត់​ការងារ​ធ្វើ​ខ្ពស់​ដែល​បន្ត​មាន។ អត្រា​អត់ការងារ​ធ្វើ​របស់​ជាតិ​ស្ថិត​នៅ​ជិត​៨ ភាគរយ​ តែ​ប្រធានាធិបតី​ អូបាម៉ា ​បាន​អះអាង​ថា​ សេដ្ឋកិច្ច​ សហរដ្ឋអាមេរិក​បាន​ប្រសើរ​ជាង​មុន​ហើយ​រដ្ឋបាល​របស់លោក​បាន​ជួយ​ បង្កើតការងារ​ច្រើន។
 
នៅ​ទីក្រុង​ឈីកាហ្គោ  ប្រធានាធិបតី ​ថ្លែង​ថា​ អនាគត​របស់​ប្រទេស​នឹង​មិន​​ប៉ះពាល់​ទេ។​
 
«ខ្ញុំ​មាន​ជំនឿ​ថា​ យើង​ទាំង​អស់​គ្នា​ អាច​រៀបចំ​អនាគត​ប្រទេស​យើង​ឲ្យ​បាន​ប្រសើរ​ឡើង ​​ពីព្រោះ​យើង​មិន​បែកបាក់​គ្នា​ទេ​ ដូច​បង្ហាញ​នៅ​ក្នុង​នយោបាយ​នោះ។ យើង​មិន​អាក្រក់​ដូច​អ្នក​ខ្លះ​មាន​ជំនឿនោះ​ទេ។ យើង​មាន​មោទនភាព  មាន​មហិច្ឆតា​ ហើយ​យើង​មិនមែន​បែក​បាក់​គ្នា ដូច​ពណ៌​នៃ​រដ្ឋ​ទាំង​៥០​នៅ​លើ​ផែន​ទី​ដែល​តំណាង​គណបក្ស​​ប្រជាធិបតេយ្យ​ និង​ គណបក្ស​សាធារណរដ្ឋ​នោះ​ទេ។ យើង​ទាំង​អស់​គា្ន​ជា​ជាតិ​តែ​មួយ​គឺ​សហរដ្ឋអាមេរិក។
 
អ្នក​បោះឆ្នោត​ទូទាំង​សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោត​យល់​ព្រម​លើ​ វិធានការ​ចំនួន​១៧០ ដោយ​អនុញាត​អាពាហ៍ពិពាហ៍​រវាង​មនុស្ស​ភេទដូចគ្នា  នៅក្នុង​ រដ្ឋ​ ម៉េន (Maine) និង​ម៉ារីលែនដ៍ (Maryland) ហើយ​បាន​គាំទ្រ​ ការ​ប្រើប្រាស់​កញ្ឆា សម្រាប់ដើម្បី​កំសាន្ត​ នៅ​ក្នុងរដ្ឋ ខូឡូរ៉ាដូ និង​រដ្ឋ​វ៉ាស៊ីនតោន ដោយ​ចាត់​ទុករដ្ឋ​ទាំងនោះ ​ចម្លែក​ពីគេ​ មិន​ស្រប​ទៅ​តាម​ច្បាប់​សហព័ន្ធប្រឆាំង​គ្រឿងញៀន។ ទោះ​បី​ជា​ដឹង​លទ្ធផល​ហើយ​ក៏​ដោយ ក៏​ការរាប់​សន្លឹកឆ្នោត​នៅ​តែ​បន្ដ​ពេល​នេះ​ដែរ។ ៚

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons